ការកសាងមូលធនមនុស្ស ភាពជាពលរដ្ឋល្អ និងពលរដ្ឋសកល ចាំបាច់ត្រូវចាប់ផ្តើមតាំងពីដំបូងនៃជីវិត

ការកសាងមូលធនមនុស្ស ភាពជាពលរដ្ឋល្អ និងពលរដ្ឋសកល ចាំបាច់ត្រូវចាប់ផ្តើមតាំងពីដំបូងនៃជីវិត តាមរយៈការអប់រំកុមារតូច។ ការពង្រឹងគុណភាពអប់រំ ត្រូវចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ដែលជាមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងការអភិវឌ្ឈឈានឡើងជាលំដាប់សម្រាប់ការសិក្សាពេញមួយជីវិត ដើម្បីកសាងធនធានមនុស្សប្រកបដោយសក្ដានុពលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ 

រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអភិវឌ្ឍសាលារៀន​ ឱ្យមានលក្ខណៈជាសាលាមានបរិស្ថានសមស្របដែលជាមេត្រីរបស់កុមារ។ គោលនយោបាយជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច បានកំណត់ពីវិសាលភាពនៃការគាំពារ និងផ្ដល់សេវាអប់រំដល់កុមារតូច ហើយក្នុងនោះក៏បានកំណត់អំពីការផ្ដល់សេវាអប់រំតាមរយៈមត្តេយ្យសិក្សាផងដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញវិធានការដើម្បីលើកកម្ពស់គុណភាពអប់រំដោយផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ 

ទី១៖ ការពង្រឹងអភិបាលកិច្ចសាលា

ទី២៖ ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស 

ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា

ទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។ 

 

Powered by Blogger.